ស្រលាញ់គ្នា៦ឆ្នាំសង្ឃឹមបានចូលរោងការ តែសង្សារស្លាប់ដោយគ្រាប់បែកនៅបាងកក
៦ឆ្នាំសាងអនុស្សាវរីយ៍រាប់មិនអស់ ប៉ុន្តែខាងប្រុសបែរជាបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនៅបាងកក បន្សល់ទុកនារីជាសង្សារឈឺចាប់ខ្លោចផ្សាម្នាក់ឯង។ អ្វីដែលធ្វើឲ្យគេសង្វេគកាន់តែខ្លាំង គឺគូស្នេហ៍ចាក់ទឹកមិនលិចទាំងពីរនាក់កំពុងមានគម្រោងរៀបការទៅហើយ។
បុរសដែលទៅចោលនារីជាសង្សារឈ្មោះ Yutthanarong Singlor អាយុ ៣៨ឆ្នាំ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ២០នាក់ដោយការបំផ្ទុះគ្រាប់បែកកាលពីយប់ថ្ងៃចន្ទ។ លោកបានបំពេញការងារជាអ្នកជញ្ជូនទំនិញឲ្យក្រុមហ៊ុនឯកជនមួយ។ វេលាម៉ោង៦ ល្ងាចថ្ងៃកើតហេតុ បុគ្គលិករូបនេះបាននាំកញ្ចប់ទំនិញទៅឲ្យអតិថិជននៅផ្សារទំនើប CentralWorld ក៏ត្រូវបាត់បង់ជីវិតក្នុងសោកនាដកម្មតែម្ដង។
ចំណែកមិត្តស្រីដែលរស់នៅទាំងភាពឈឺផ្សាឈ្មោះ Kritsuda Narongplien អាយុ ៣០ឆ្នាំ និងចាប់ផ្ដើមបង្កើតចំណងស្នេហ៍ជាមួយបុរសរងគ្រោះអស់រយៈពេល ៦ឆ្នាំមកហើយ។ វេលាម៉ោង ៦:៤៥ ល្ងាចថ្ងៃកើតហេតុ នាងបានទទួលទូរសព្ទមិត្តប្រុស និងសង្ឃឹមថាអាចជួបមុខបន្ទាប់ពីការងារចប់សព្វគ្រប់។
កន្លះម៉ោងក្រោយមក នារីដ៏កម្សត់មិនបានទាក់ទងមិត្តប្រុសបានឡើយ ប៉ុន្តែនាងគិតថាអាចមកពីទូរសព្ទអស់ថ្មទើបមិនខ្វល់ច្រើន។ ព្រឹកថ្ងៃបន្ទាប់ នាងបានទទួលទូរសព្ទពីបងប្រុសរបស់បុរសរងគ្រោះប្រាប់ឲ្យទៅមន្ទីរពេទ្យ ប៉ុន្តែនាងគិតថាប្រហែលជាគ្មានអ្វីធ្ងន់ធ្ងរឡើយ ឬអាក្រក់បំផុតត្រឹមគ្រោះថ្នាក់ចរាចរណ៍។
ឈានជើងចូលដល់មន្ទីរពេទ្យបានដឹងការពិត ពិភពលោកដែលនាងឈរហាក់កំពុងក្រឡាប់ចាក់អស់។ នាងបាននិយាយទាំងភាពអាឡោះអាល័យថា៖ “យប់នោះខ្ញុំប្រឹងតេទៅគាត់ពេញមួយយប់… ព្រឹកឡើងបងប្រុសគាត់តេមកខ្ញុំ… គាត់ដឹងរួចទៅហើយ (ដឹងថាប្អូនប្រុសស្លាប់) ប៉ុន្តែគាត់មិននិយាយប្រាប់ខ្ញុំពីអ្វីដែលកើតឡើងឡើយ”។ នាងបានរៀបរាប់បន្ទាប់ទៀតថា៖ “គាត់ប្រាប់ខ្ញុំឲ្យទៅពេទ្យទាំងអស់គ្នា… ខ្ញុំគិតថាប្រហែលជាគ្រោះថ្នាក់អីតិចតួច។ ខ្ញុំមិនដែលគិតថាគាត់ស្លាប់ទេ… តែនៅពេទ្យ វាពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់”។
Kritsuda បានបញ្ជាក់ថា នាងនិងគូស្នេហ៍មានគម្រោងរៀបការបង្កើតកូន បន្ទាប់ពីរស់នៅជាមួយគ្នា ៦ឆ្នាំ ប៉ុន្តែឪពុកម្ដាយព្រួយបារម្ភរឿងគម្លាតអាយុ។ ចំណែកមិត្តប្រុសក៏ខំប្រឹងប្រែងណាស់ដែរ ដោយមានការងារពីរក្នុងដៃ ជាអ្នកនាំទំនិញ និងរត់ម៉ូតូឌុប។ ពេលនេះក្ដីសង្ឃឹមត្រូវរលាយសាបសូន្យ ព្រោះបុរសជាទីស្រលាញ់បានស្លាប់បាត់ទៅហើយ ឯគម្រោងរៀបការជាមួយគ្នាក៏បានត្រឹមក្ដីសុបិនប៉ុណ្ណោះ។
ស្នាមញញឹមមិត្តប្រុសពេលនៅរស់
នាង Kritsuda បានរៀបរាប់អនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើនជាមួយបុរសរងគ្រោះ។ នាងបានបញ្ជាក់ថា លោក Yutthanarong អាចយកឈ្នះបេះដូងមនុស្សគ្រប់គ្នានៅក្នុងគ្រួសារនាង ដោយសារការចេះគិត និងចិត្តសប្បុរសដែលកម្រមានមនុស្សធ្វើបាន។ ៦ឆ្នាំកន្លងមកនេះ ពេលឈ្លោះគ្នា លោក Yutthanarong តែងអំណត់រង់ចាំរហូតដល់នាងត្រជាក់ចិត្តបាត់ខឹង។
“គ្រប់គ្នាថាខ្ញុំផ្លាស់ប្ដូរ ហើយខ្ញុំក៏ដឹងដែរថាខ្ញុំពិតជាប្រែប្រួលព្រោះតែគាត់… វាគឺជាការផ្លាស់ប្ដូរបន្តិចម្ដងៗ”។ នាង Kritsuda និយាយប្រាប់អ្នកយកព័ត៌មានទាំងភាពអាឡោះអាល័យ៕
ប្រភព៖ sabay